អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
ព្រឹត្តិការណ៍

NEA ជួយចុះឈ្មោះស្វែងរកឱកាសផ្គូផ្គងការងារជូនកម្មករនិយោជិតដែលបាត់បង់ការងារ

(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរៀបចំកម្លាំងជួយចុះឈ្មោះស្វែងរកឱកាសផ្គូផ្គងការងារជូនកម្មករនិយោជិតបាត់បង់ការងារ ដែលធ្លាប់ធ្វើការនៅក្រុមហ៊ុន ឌីកនើធី នីតធើរ លីមីធីត និងអ៊ីខូ បេស ហ្វេកធើរី។ បេសកកម្មចុះឈ្មោះនេះត្រូវបានសហការអនុវត្តក្នុងឱកាសដែលក្រុមការងាររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅតាមគ្រប់មុខសញ្ញាបានចុះទៅបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិតទាំងអស់ដោយផ្ទាល់ដៃ នៅក្នុងបរិវេណសាលាខេត្តកណ្តាល។

ការចុះឈ្មោះស្វែងរកការងារ និងការត្រៀមឱកាសការងារជាច្រើនកន្លែងជូនបងប្អូនកម្មករនិយោជិត តាមវិស័យនានា គឺជាអន្តរាគមន៍ផ្នែកទីផ្សារការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាស និងជម្រើសការងារថ្មីស្របតាមលក្ខខណ្ឌ តម្រូវការ និងសមត្ថភាពផ្ទាល់ខ្លួនរបស់បងប្អូនកម្មករដែលមានបំណងចង់ចូលធ្វើការ។ បងប្អូនកម្មករចំនួន ១,១២៩នាក់ ដែលធ្លាប់បម្រើការងារ និងរងផងប៉ះពាល់ខាងលើនេះ នឹងត្រូវបានសាកសួរ ផ្តល់ព័ត៌មានអំពីការងារ និងការសម្រេចចិត្តចុះឈ្មោះរកការងារ តាមរយៈការសម្របសម្រួលរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

គួររំលឹកថា ការបើកប្រាក់ឈ្នួល ប្រាក់អត្ថប្រយោជន៍ផ្សេងៗ និងការជួយចុះឈ្មោះស្វែងរកឱកាសការងារថ្មី ជូនដល់បងប្អូនកម្មករនិយោជិត ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន ឌីកនើធី នីតធើរ លីមីធីត និងអ៊ីខូ បេស ហ្វេកធើរី ដែលមានអាសយដ្ឋាន នៅភូមិព្រែកតាព្រីង សង្កាត់សិតត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានប្រកាសបិទកាលពីពេលកន្លងមក។ ក្រសួងការងារ បានប្រកាសជូនដំណឹងដល់កម្មករនិយោជិតរបស់ក្រុមហ៊ុន សូមអញ្ជើញមកបើកប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗ នៅសាលាខេត្តកណ្តាល ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ២ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីថ្ងៃសុក្រទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ដោយកម្មករនិយោជិតត្រូវភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្លួនផងដែរ។

សម្រាប់អ្នកស្វែងរកការងារទូទៅ និងសាធារណជនដែលចង់ប្រើប្រាស់សេវាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារសូមទាក់ទងតាមរយៈលេខទូរស័ព្ទ 017467423៕

Related posts

ព័ត៌មានសង្ខេបជាតិ និងអន្តរជាតិប្រចាំថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ពី អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

Admin

ព័ត៌មានសង្ខេបជាតិ និងអន្តរជាតិប្រចាំថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១

Admin

ព័ត៌មានសង្ខេបជាតិ និងអន្តរជាតិប្រចាំថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១

Admin