អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

យន្តការ និងលក្ខណវិនិច្ឆ័យ

ក. គោលការណ៍គ្រឹះក្នុងការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា

ត្រូវបានកំណត់យកគោលការណ៍ចំនួន៥ ក្នុងការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា ដែលគោលការណ៍ទាំងនេះត្រូវបានចែងក្នុងមាត្រា១០ និង១២ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា

១. អំពីភាពញឹកញាប់៖ ការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ

. អំពីភាពអាចព្យាករបាន៖ ប្រាក់ឈ្នួលអប្បបរមាត្រូវតែជាតួលេខឬអត្រាបម្រែបម្រួលដែលអាចព្យាករបាន ពោលគឺត្រូវកើនតាមលំដាប់បន្តបន្ទាប់

៣. អំពីយន្តការនៃការចរចា៖ ប្រកាន់យកគោលការណ៍ឈ្នះ-ឈ្នះ

៤. អំពីការប្រើប្រាស់ទិន្នន័យ និងលក្ខណវិនិច្ឆ័យ៖ ត្រូវប្រើប្រាស់ទិន្នន័យផ្លូវការស្របច្បាប់ របស់ស្ថាប័នជាតិឬអង្គភាពនានាដែលទទួលបន្ទុកផលិតស្ថិតិ និងយកលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចមកធ្វើជាមូលដ្ឋានក្នុងការពិភាក្សា

៥. អំពីបែបបទនៃការធ្វើសេចក្តីសម្រេចចិត្ត៖ ត្រូវយកគោលការណ៍ឯកភាពជាឯកច្ឆន្ទនៃសមាជិកដែលមានវត្តមានក្នុងកិច្ចប្រជុំក្នុងការសម្រេចចិត្ត។ ក្នុងករណីមិនមានការឯកភាពជាឯកច្ឆន្ទលើចំណុចណាមួយ ចំនួន២ (ពីរ) ដង ក្នុងកិច្ចប្រជុំ ចំនួន២ (ពីរ) ផ្សេងគ្នា ត្រូវសម្រេចដោយសំឡេងភាគច្រើនតាមរយៈការបោះឆ្នោតជាសម្ងាត់ក្នុងកិច្ចប្រជុំលើកទី២ (ពីរ) នោះ។

ខ. លក្ខណវិនិច្ឆ័យក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា

យោងកថាខណ្ឌទី២ នៃមាត្រា៥ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដែលស្របតាមមាត្រា៣ នៃអនុសញ្ញាលេខ ១៣១ ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមា របស់អង្គការអន្តរជាតិខាងការងារ (ILO) ឆ្នាំ១៩៧០ កំណត់ថា ធាតុផ្សំដែលត្រូវយកមកគណនាប្រាក់ឈ្នួលអប្បបរមា ត្រូវមានយ៉ាងហោចណាស់កត្តាធំពីរគឺ កត្តាសង្គម និងកត្តាសេដ្ឋកិច្ច។ ក្រោយសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិស្តីពីការពង្រឹងដំណើរការនៃការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ដែលប្រព្រឹត្តិទៅក្រោមជំនួយបច្ចេកទេសរបស់អង្គការ ILO កាលពីថ្ងៃទី ២៤-២៥ ខែមេសា ឆ្នាំ២០១៤ ភាគីទាំងបី បានសម្រេចយកលក្ខណវិនិច្ឆ័យចំនួន ៧ ដែលស្របតាមអនុសញ្ញាខាងលើសម្រាប់ការកំណត់ប្រាក់ឈ្នួលអប្បបរមា ដែលរួមមាន៖

លក្ខណវិនិច្ឆ័យបែបសង្គម៖ ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ

លក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច៖ ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ។

គ. កាលវិភាគក្នុងការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា

យោងតាមសេចក្តីថ្លែងការរបស់គណៈកម្មការប្រឹក្សាការងារកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤  ភាគីទាំងបីបានសម្រេចយក៖

១- ខែកក្កដានៃឆ្នាំនីមួយៗ សម្រាប់ការពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមាជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ

២- ខែសីហានៃឆ្នាំនីមួយៗ សម្រាប់ការពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមាជាលក្ខណៈទ្វេភាគី

៣- ខែកញ្ញានៃឆ្នាំនីមួយៗ សម្រាប់ការពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមាជាលក្ខណៈត្រីភាគី

៤- ខែតុលានៃឆ្នាំនីមួយៗ សម្រាប់ការពិភាក្សាអនុម័តប្រាក់ឈ្នួលអប្បបរមាដែលត្រូវអនុវត្តនៅឆ្នាំបន្ទាប់ ដើម្បីលើកជាអនុសាសន៍ជូនរដ្ឋមន្ត្រីក្រសួងទទួលបន្ទុកវិស័យការងារ

៥- ថ្ងៃទី០១ ខែមករានៃឆ្នាំបន្ទាប់ ជាកាលបរិច្ឆេទអនុវត្តប្រាក់ឈ្នួលអប្បបរមាថ្មី។

ឃ. អ្នកកំណត់ប្រាក់ឈ្នួលអប្បបរមា

យោងតាមមាត្រា២ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា គឺជាយន្តការត្រីភាគីសម្រាប់សិក្សា ស្រាវជ្រាវ និងផ្តល់អនុសាសន៍អំពីប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗ។

យោងតាមមាត្រា១៧ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាមានសមាជិកពេញសិទ្ធិយ៉ាងតិចចំនួន ៤៨រូប ដែលមានសមាសភាពមកពីត្រីភាគីក្នុងចំនួនស្នើគ្នា។

ដោយឡែកអាណត្តិទី៣ ឆ្នំា២០២៣-២០២៤ មានសមាសភាពពីតំណាងភាគីរាជរដ្ឋាភិបាលចំនួន ១៧រូប តំណាងភាគីនិយោជកចំនួន ១៧រូប និងតំណាងភាគីកម្មករនិយោជិតចំនួន ១៧រូប។