អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

គោលនយោបាយជាតិស្ដីពីមុខរបរនិងការងារ៖ បង្កើនឱកាសការងារសមរម្យ លើកកម្ពស់ជំនាញវិជ្ជាជីវៈ និងពង្រឹងអភិបាលកិច្ចទីផ្សារការងារ

(ភ្នំពេញ)៖គណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្ត គោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំលើកទី៥របស់ខ្លួន តាមប្រព័ន្ធវីដេអូ (Zoom) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥។

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ អភិបាល និង អភិបាលរងរាជធានី-ខេត្ត ដែលជាសមាជិក សមាជិការនៃគណ:កម្មការអន្តរក្រសួង ព្រមទាំងតំណាងអង្គការអន្តរជាតិខាងការងារ (ILO)។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងវាយតម្លៃពីវឌ្ឍនៈភាពនៃការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ និងបញ្ហាប្រឈមនៅក្នុងបរិបទជំងឺកូវីដ-១៩។

ឯកឧត្តមបណ្ឌិត អុិត សំហេង បានស្នើសុំថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត វិស័យឯកជន បង្កើនការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការចូលរួមអនុវត្តគោលនយោបាយនេះ ដើម្បីធ្វើការផ្លាស់ប្តូរ និងលើកស្ទួយរចនាសម្ពនឧស្សាកម្ម ពីឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្មពលកម្មផ្អែកលើជំនាញនៅឆ្នាំ២០២៥ ក៏ដូចជាការលើកកម្ពស់ការប្រកួតប្រជែង និងផលិតភាព សំដៅប្រែក្លាយពីឧស្សាហកម្មមានតម្លៃបន្ថែមទាបទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ស្របតាមគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានកំណើនខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់ភាពសុខដុមក្នុងសង្គម ដោយផ្តល់ជូនប្រជាពលរដ្ឋនូវឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពការងារខ្ពស់ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិត អុិត សំហេង ក៏បានបញ្ជាក់បន្ថែមថា ក្នុងការអនុវត្តគោលនយោបាយជាតិនេះ ក្រសួង ស្ថាប័នជាច្រើន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវចូលរួមអនុវត្ត ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រាន់តែមានតួនាទីជាលេខាធិការដ្ឋានសម្រាប់សម្របសម្រួលការអនុវត្តនេះតែប៉ុណ្ណោះ។ នេះមានន័យថា ការចូលរួមយ៉ាងសកម្មពីសំណាក់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ពិតជាមានភាពចាំបាច់ណាស់ ដើម្បីជំរុញឲ្យការអនុវត្តគោលនយោបាយនេះកាន់តែមានប្រសិទ្ធភាព និងលទ្ធផលកាន់តែប្រសើរ។

ឯកឧត្តមបណ្ឌិត អុិត សំហេង បានថ្លែងអំណរគុណចំពោះអង្គការអន្តរជាតិខាងការងារ (ILO) ដែលតែងតែបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការផ្តល់ជំនួយថវិកា ព្រមទាំងបច្ចេកទេសមកលេខាធិការដ្ឋាន គ.អ.ម.ក នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការសម្របសម្រួលការអនុវត្តគោលនយោបាយនេះ។ អង្គការអន្តរជាតិខាងការងារ (ILO) គឺជាដៃគូយ៉ាងសំខាន់ដែលមិន អាចខ្វះបាននៅក្នុងការអភិវឌ្ឍន៍វិស័យការងារនៅកម្ពុជា៕

Related posts

អ.ក.ជ.ប.អ. បានរៀបចំ សិក្ខាសាលាស្តីពី “បច្ចុប្បន្នភាពសេដ្ឋកិច្ច ទីផ្សារការងារ និងប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា” និង “ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសការងារ”

Admin

រដ្ឋមន្ត្រីក្រសួងការងារ ជួបតំណាងធនាគារពិភពលោក ពិភាក្សាពីការអភិវឌ្ឍជំនាញ ដើម្បីបង្កើនផលិតភាពការងារសម្រាប់យុវជន

Admin

នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៩៖០០នាទីព្រឹក អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (អ.ក.ជ.ប.អ) បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៤….

Admin