ប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗ ដែលកម្មករនិយោជិតទទួលបាន
ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ កម្មករនិយោជិតពេញសិទ្ធិទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន ១៩២ដុល្លារអាម៉េរិក ក្នុងមួយខែ។ ចំណែកកម្មករនិយោជិតសាកល្បង ទទួលបានចំនួន ១៨៧ដុល្លារអាម៉េរិក ក្នុងមួយខែ។ ចំពោះកម្មករនិយោជិតទទួលបានប្រាក់ឈ្នួលតាមបរិមាណផលិតផល (ដេរស៊ីបុង) គឺត្រូវទទួលបានប្រាក់ឈ្នួលទៅតាមទិន្នផលជាក់ស្តែង។ ករណីដែលទិន្នផលទទួលបាននោះទាបជាងប្រាក់ឈ្នួលអប្បបរមា និយោជិតត្រូវបន្ថែមប្រាក់ឈ្នួលឱ្យស្មើប្រាក់ឈ្នួលអប្បបរមាដែលត្រូវធានា។
អត្ថប្រយោជន៍ដែលកម្មករនិយោជិតទទួលបាន៖
១. ប្រាក់រង្វាន់ធ្វើការទៀងទាត់ ចំនួន ១០ដុល្លារអាម៉េរិក ក្នុងមួយខែ
២. ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ចំនួន ៧ដុល្លារអាម៉េរិក ក្នុងមួយខែ
៣. ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការថែមម៉ោង ចំនួន ២០០០រៀល ក្នុងមួយថ្ងៃ ឬទទួលបានបាយមួយពេលដោយឥតគិតថ្លៃ
៤. ប្រាក់រង្វាន់អតីតភាពការងារ ចំនួនចាប់ពី ២ដុល្លារអាម៉េរិក ដល់ ១១ដុល្លារអាម៉េរិក ក្នុងមួយខែ សម្រាប់កម្មករនិយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១
៥. ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤០ម៉ឺនរៀល ករណីសម្រាលបានកូនចំនួន ១នាក់ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០ម៉ឺនរៀល ករណីសម្រាលបានកូនភ្លោះចំនួន ២នាក់ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២០ម៉ឺនរៀល ករណីសម្រាលបានកូនភ្លោះចំនួន ៣នាក់។ ចំពោះកូនភ្លោះ ៣នាក់ កម្មករនិយោជិតនឹងទទួលបានផងដែរនូវប្រាក់ឧបត្ថម្ភចំនួន ៥លានរៀល ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
៦. អនុញ្ញាតឱ្យកម្មករនិយោជិតជិះរថយន្តក្រុងដោយឥតគិតថ្លៃ រយៈពេល ២ឆ្នាំបន្តទៀត ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ ដល់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១
៧. គិតតម្លៃអនុគ្រោះចំពោះការប្រើប្រាស់អគ្គិសនី និងទឹកស្អាត ការតបណ្តាញទឹកស្អាតដែលមានតម្លៃទាប ដោយចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នំា២០១៧ តទៅអនុញ្ញាតឱ្យកម្មករនិយោជិតអាចប្រើប្រាស់ទឹកស្អាតក្នុងតម្លៃអនុគ្រោះ ដោយម្ចាស់ផ្ទះជួលនឹងលក់បន្តឱ្យកម្មករនិយោជិតត្រឹមតែ ៨០០រៀល ប៉ុណ្ណោះក្នុង ១ម៉ែត្រគូប
៨. តភ្ជាប់បណ្តាញអគ្គិសនីដែលមានតម្លៃទាប ត្រឹមតម្លៃ ៣៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ ចំពោះការប្រើប្រាស់ក្រោម ១០គីឡូវ៉ាត់ម៉ោង
៩. បន្តលើកលែងពន្ធលើប្រាក់អត្ថប្រយោជន៍ផ្សេងៗ
១០. ដំឡើងកម្រិតអប្បបរមានៃបៀវត្សជាប់ពន្ធ
១១. ទទួលបានរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ
១២. ទទួលបានរបបសន្តិសុខសង្គមផ្នែកថែទំាសុខភាព
១៣. អនុញ្ញាតឱ្យកម្មករនិយោជិតស្រ្តីដែលមានផ្ទៃពោះលើសពី ៣ខែ បានចេញមុនម៉ោងការងារយ៉ាងតិច ១៥នាទី
១៤. អនុញ្ញាតឱ្យស្រ្តីខ្មែរឥស្លាម ប្រើប្រាស់សម្លៀកបំពាក់តាមបែបប្រពៃណីឥស្លាមមកបំពេញការងារ