អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

តួលេខនៃការចរចាប្រាក់ឈ្នួលមិនទាន់មានការប្រែប្រួល ដោយសហជីពនៅតែប្រកាន់ជំហរ២១៥ដុល្លារ និយោជកក៏នៅតែ២០១ដុល្លារដដែល

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន កម្មករនិយោជិត និយោជក និងអង្គការវិជ្ជាជីវៈ ឱ្យបានជ្រាបថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំរបស់ខ្លួនចាប់ពីម៉ោង ៩:០០នាទីព្រឹក ដល់ម៉ោង ១២:៤៥នាទីរសៀល ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤។

គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសរុបមានចំនួន១៥លើក ដែលរួមមានកិច្ចប្រជុំជាលក្ខណៈទ្វេភាគី និងត្រីភាគីចំនួន៩លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗចំនួន៦លើក។ ក្នុងនោះនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ មានកិច្ចពិភាក្សាចំនួន៥លើកផ្សេងៗគ្នា ដោយមានកិច្ចប្រជុំផ្ទៃក្នុងភាគីនីមួយៗចំនួន៣លើក និងកិច្ចប្រជុំត្រីភាគីចំនួន២លើក។ ភាគីទាំងពីរបានបន្តពន្យល់គ្នាទៅវិញទៅមកលើគោលជំហររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ ហើយជាមួយគ្នានេះ តំណាងភាគីរាជរដ្ឋាភិបាលបានបន្តសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែម ពាក់ព័ន្ធនឹងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ជូនតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកផងដែរ។

ជាលទ្ធផល តំណាងភាគីកម្មករនិយោជិតបានបន្តរក្សាតួលេខចំនួន២១៥ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជកបានបន្តរក្សាតួលេខចំនួន២០១ដុល្លារអាម៉េរិក។

អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀតនៅម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ និងខិតខំបញ្ចប់កិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមា នៅត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣៕

Related posts

អ.ក.ជ.ប.អ. បានបើកកិច្ចប្រជុំវាយតម្លៃលទ្ធផលការងារឆ្នាំ២០២២ និងពិនិត្យលើសេចក្តីព្រាងផែនការសកម្មភាពប្រចាំឆ្នាំ២០២៣

Admin

សិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្ដីពី “ការត្រៀមខ្លួនចូលទីផ្សារការងារ” នៅអគារ KAMPUS នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤

Admin

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំប្រជុំពិភាក្សាជាមួយគណៈកម្មការទី៨ នៃព្រឹទ្ធសភា ដើម្បីការពារសេចក្តីព្រាងច្បាប់ច្បាប់ស្តីពីការងារ

Admin