អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងពិធីបើក “សិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍ប្រាក់ឈ្នួលសកល ឆ្នាំ២០២០-២០២១” របស់អង្គការអន្តរជាតិខាងការងារ ILO តាមប្រព័ន្ធអនឡាញ

រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងពិធីបើក “សិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍ប្រាក់ឈ្នួលសកល ឆ្នាំ២០២០-២០២១” របស់អង្គការអន្តរជាតិខាងការងារ ILO តាមប្រព័ន្ធអនឡាញ

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបើក សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ប្រាក់ឈ្នួលសកល ឆ្នាំ២០២០-២០២១ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា កម្ពុជាបានបន្តដំឡើងប្រាក់ឈ្នួលអប្បបរមាពីរឆ្នាំជាប់គ្នានៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ខណៈប្រទេសក្នុងតំបន់ និងប្រទេសប្រកួតប្រជែងជាមួយកម្ពុជាបានពន្យារពេល ឬមិនបានផ្តល់ឱកាសឱ្យមានការជជែកចរចាប្រាក់ឈ្នួលអប្បបរមានោះឡើយ នៅក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។ ការដំឡើងនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការធានា និងរក្សាស្ថិរភាពជីវភាពរបស់កម្មករនិយោជិត ដោយឈរលើអភិក្រមនៃការវាយតម្លៃ តុល្យភាពរវាងផលប៉ះពាល់ជាអវិជ្ជមាន ដល់សង្គម-សេដ្ឋកិច្ច និងការងារ ទៅនឹងនិរន្តរភាពនៃរោងចក្រ សហគ្រាស និងការការពារប្រាក់ចំណូលរបស់កម្មករនិយោជិត និងគ្រួសារ ដែលស្របតាមអនុសាសន៍របស់អង្គការអន្តរជាតិខាងការងារ ILO។

សិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយរបាយការណ៍ប្រាក់ឈ្នួលសកល ឆ្នាំ២០២០-២០២១” មានគោលបំណង ដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង និងធ្វើបច្ចុប្បន្នភាពព័ត៌មានបន្ថែមអំពីការវិវឌ្ឍន៍នៃប្រព័ន្ធប្រាក់ឈ្នួលអប្បបរមានៅក្នុងតំបន់ ព្រមទាំងវិធីសាស្រ្តក្នុងការពង្រឹងស្ថាប័នទីផ្សារការងារ និងការរៀបចំគោលនយោបាយប្រាក់ឈ្នួលប្រកបដោយប្រសិទ្ធភាពក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។ គួររំលឹកផងដែរថា របាយការណ៍ប្រាក់ឈ្នួលសកល គឺជារបាយការណ៍សំខាន់មួយរបស់អង្គការអន្តរជាតិខាងការងារ (ILO) ដែលបានចេញផ្សាយរៀងរាល់ពីរឆ្នាំម្តង។ របាយការណ៍ដែលបានចេញផ្សាយក្នុងឆ្នាំ ២០២០-២០២១ នេះ បានសិក្សាពីប្រព័ន្ធប្រាក់ឈ្នួលអប្បបរមានៅទូទាំងពិភពលោក និងតួនាទីរបស់ប្រាក់ឈ្នួលអប្បបរមាក្នុងការកាត់បន្ថយវិសមភាពសង្គម ព្រមទាំងរបៀបនៃការកំណត់ ឬការចរចាប្រាក់ឈ្នួលអប្បបរមាដែលអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩។ សិក្ខាសាលានេះក៏បានបង្ហាញយ៉ាងច្បាស់នូវការបន្តការគាំទ្រយ៉ាងសកម្មរបស់អង្គការ ILO ជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត, លើកកម្ពស់ភាពទាក់ទាញ និងភាពអំណោយផលនៃបរិយាកាសសម្រាប់សកម្មភាពធុរកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា និងសំដៅឆ្លើយតបទៅនឹងនិន្នាការនៃការផ្លាស់ប្តូរក្នុងនិម្មាបនកម្មសេដ្ឋកិច្ច និងទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងថា សិក្ខាសាលានេះ គឺជាសង្ខីភាពថ្មីមួយបន្ថែមទៀតក្នុងវិស័យការងារ ដែលឆ្លុះបញ្ជាំងពីសារៈសំខាន់របស់ស្ថាប័នក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករនិយោជិត និងសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ។ លើសពីនេះ ក្រសួងនឹងបន្តខិតខំបន្ថែមទៀត ក្នុងការពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការងារ ការពង្រឹងពង្រីកយន្តការនិងសមត្ថភាពស្ថាប័ន និងបង្កើនកិច្ចសហការជាមួយដៃគូរពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យប្រាក់ឈ្នួលអប្បបរមាកាន់តែមានភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសង្ឃឹមជឿជាក់ថា សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលតំណាងឱ្យភាគីរាជរដ្ឋាភិបាល តំណាងឱ្យភាគីនិយោជក និង តំណាងឱ្យភាគីកម្មករនិយោជិត នឹងទទួលបាននូវចំណេះដឹង ព័ត៌មាន និងបទពិសោធន៍ល្អៗពីការវិវឌ្ឍន៍នៃការអនុវត្តប្រព័ន្ធប្រាក់ឈ្នួល ប្រាក់ឈ្នួលអប្បបរមា ពីបណ្តាប្រទេសផ្សេងៗ ដើម្បីជាមូលដ្ឋានបន្ថែមទៀតក្នុងពង្រឹងយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិត។

Related posts

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

Admin

នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៩៖០០នាទីព្រឹក អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (អ.ក.ជ.ប.អ) បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៤….

Admin

អបអរសាទរ! ចាប់ពីខែមករា ឆ្នាំ២០២៤នេះតទៅ បងប្អូនកម្មករ និយោជិតក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប នឹងទទួលបានប្រាក់ឈ្នួលអប្បបរមា ២០៤ដុល្លារ ក្នុង ១ខែ

Admin